ចលនា អំណាចពលរដ្ឋខ្មែរ ត្រូវការអ្នកគាំទ្រជា ក្រុមសត្វកណ្តៀរ តែមិនត្រូវការអ្នកគាំត្រ ជាក្រុមសត្វខ្មូត ដាច់ខាត !

Cap-Logo-300x281បើយើងពិនិត្យមើល ចរឹកថម្មជាតិរបស់ សត្វកណ្តៀរ និងសត្វខ្មូត នោះគឺពិតជា មានលក្ខណៈខុសគ្នា ដាច់ស្រឡះ ។ សត្វកណ្តៀរ ចូលចិត្តជួយពូនផ្តុំគ្នា ធ្វើ ដីទាបអោយក្លាយជាដំបូកបាន ហើយ មានសាមគ្គីភាព ព្រមទាំងមានទម្លាប់ ល្អក្នុងការរស់នៅ មិនចេះបំផ្លាញដំបូក ដែលខ្លួនបានរួមកសាងនោះទេ ។ តែ ចំណែកឯសត្វខ្មូតវិញ មិនចេះធ្វើអ្វីទាំង អស់ សូម្បីតែសំបុក ក៏មិនចេះកសាង ដែរ ហើយបើបានមកនៅក្នុងផ្ទះណា ហើយនោះ សត្វខ្មូត នឹងស៊ីបំផ្លាញផ្ទះ នោះកំទេចចោល មិនថា សរសរជំរៀង សរសរកន្លោង ផ្ទោង ផ្លាន បង្កង់ទេ គឺ សត្វខ្មូតវាស៊ីកំទេចចោលទាំងអស់ ដើម្បីបំផ្លាញភាពរឹងមាំ នៃផ្ទះនោះ មិនអោយមានអាយុយូរ អង្វែងទេ ។ ថ្វីបើសត្វទាំង ២ នេះ ជាប្រភេទសត្វល្អិតដូចគ្នា តែចរឹកធម្មជាតិ របស់សត្វទាំង ២ នេះមានលក្ខណៈពិសេស សម្រាប់អោយមនុស្ស និងជាពិសេសអ្នកនយោបាយ យកមកធ្វើ ការសិក្សា ពិចារណា ទោលើប្រភេទ នៃ ក្រុមអ្នកគាំទ្ររបស់ខ្លួន ។

ប្រសិនបើ គណបក្សនយោបាយ ឬ ចលនា នយោបាយ ណាទទួលបាន ក្រុមអ្នកគាំទ្រជា ប្រភេទសត្វកណ្តៀរបានច្រើននោះ នឹងបានរីកចំរើន រឹងមាំ ហើយគឺពិតជាអាចដឹកនាំការងារ បេសកកម្ម ដើម្បីឆ្ពោះទៅរកភាពជោគជ័យបាន តាមគោលដៅ ។ តែប្រសិនបើ គណបក្ស នយោបាយ ឬ ចលនា នយោបាយ ណាទទួលបាន ក្រុមអ្នកគាំទ្រ ជាប្រភេទសត្វខ្មូតច្រើន វិញ នោះ គឺមិនយូរទេ ពួកអ្នកគាំទ្រប្រភេទ សត្វខ្មូតទាំងអស់នោះ វានឹងស៊ីកំទេច បំបែកបំបាក់ គណបក្សនយោបាយ ឬ ចលនា នយោបាយ អោយរលាយជាក់ជាមិនខាន ។

មេរៀនជាបទពិសោធន៍ កន្លងមកដែលយើងបានស្រាវជ្រាវ គឺច្បាស់ណាស់ បានបង្ហាញថា គ្រប់ជំនាន់ មេដឹកនាំ ចលនា នយោបាយ ឬ គណបក្សនយោបាយ តែទទួលបាន ក្រុមអ្នកគាំ ទ្រទាំង ២ ប្រភេទនេះ មកចូលរួម ។ អ្នកគាំទ្រ ជាប្រភេទសត្វកណ្តៀរ មិនដែលមានបំណង ចង់បាន្បុណ្យសក្តិ និងលាភសក្ការៈអ្វីទេ គឺខិតខំតែធ្វើការ និងជួយជ្រោមជ្រែង អស់ពីកម្លាំង កាយ និងកម្លាំងចិត្ត ព្រមទាំងពលីកម្ម ជួយដល់ ចលនា នយោបាយ ឬ គណបក្សនយោបាយ ដែលខ្លួនគាំទ្រ អោយមានកម្លាំងលូតលាស់ និងទទួលបានការគាំទ្រ កាន់តែច្រើនពីសំណាក់ ពលរដ្ឋ ។ តែពពួកក្រុមអ្នកគាំទ្រ ជាសត្វខ្មូតវិញ មិនចេះធ្វើការអ្វីទាំងអស់ ចេះត្រឹមតែនិយាយ បញ្ជោរ វាយអែបស៊ីអបជាមួយនឹងប្រធាន យកចិត្តមេដឹកនាំ ចលនានយោបាយ ឬ គណបក្ស នយោបាយ ហ់យព្យាយាមបង្កើតបក្ខនៅក្នុងបក្ស ពួកនៅក្នុង ចលនា ដើម្បីច្បាមយកអំណាច និងតួរនាទី ។

ប្រភេទក្រុមអ្នកគាំទ្រ ជាសត្វខ្មូតនេះ ពូកែបញ្ចុកបន្ស៊ី លើកទូលប្រធានខ្លាំងណាស់ ហើយពួក នេះគឺក្រុមនៃ មនុស្ស ដែលមានមាត់ ៣ ប្រភេទគឺ មាត់ខ្លី មាត់វែង និងមាត់ស្អុយ ។ បើកាល រៀងរ៉ាវអាក្រក់ដែលខ្លួនធ្វើពួកនេះ ប្រើមាត់ខ្លីមកនិយាយ ព្រោះមិនហ៊ាននិយាយអោយអស់ សេចក្តីទេ ដោយហេតុថា ខ្លាចគេដឹងពីគំនិតអាក្រក់ និងអំពើរអាក្រក់របស់ខ្លួន ។ ដូច្នោះគេ ព្យាយាមប្រើមាត់ខ្លី និយាយអោយខ្លី កាត់ៗ មិនអោយអ្នកស្តាប់ ស្តាប់យល់អ្វីទាំងអស់ ។ តែ បើកាលណា រឿងដែលមានប្រយោជន៍សម្រាប់ខ្លួន និងក្រុមខ្លួន ដែលត្រូវនិយាយបង្កាច់បង្ខូច អ្នកល្អត្រឹមត្រូវវិញនោះ ពួកនោះប្រើមាត់វែង មកនិយាយ គឺព្យាយាមនិយាយពន្លូតបញ្ហា អោយបានវែង ដើម្បីស្លរអ្នកមិនដឹង អោយជឿតាមខ្លួន ហើយធ្វើបាបមនុស្សល្អ ។ ហើយបើ កាលណា គេខឹង ឬច្រណែនជាមួយបុគ្គលណាម្នាក់ ឬក៏បានផលអ្វីមួយដែលមិនដូចប្រាថ្នា នោះវិញ ពួកនេះគឹប្រើមាត់ស្អុយរបស់ខ្លួន មកនិយាយពន្លើស បង្កាច់បង្ខូច បង្កើតរឿងប្រឌិត មកនិយាយ ដោយគ្មានកេរខ្មាស់ និងជួនកាលយកឈ្មោះគេឯង មកប្រើលាបពណ៌ តែខ្លួនឯង្មិនហ៊ានប្រឈមមុខជាមួយនឹងការពិត ចេញមកតទល់គ្នាជាសាថារណៈទេ ។

ព្រះពុទ្ធជាព្រះបរមគ្រូ នៃយើងបានសំដែងថា ប្រភេទមនុស្សដែលចូលចិត្តប្រើមាត់ជាលំពែង នោះ គឹប្រភេទមនុស្សសត្វខ្មូត ដែលមានមាត់ខ្លី មាត់វែង និងមាត់ស្អុយនេះឯង ។

ចលនា អំណាចពលរដ្ឋខ្មែរ ដែលចាប់កំណើតក្នុងឆ្នាំ ២០១០ បន្ទាប់ពីប្តូរឈ្មោះពី គណៈកម្មា ធិការប្រព្រឹត្តិកម្មខ្មែរ ដើម្បីយុត្តិធម៌ និងសមធម៌ (Cambodian Action Committee for Justice & Equity) មកជា ចលនា អំណាចពលរដ្ឋខ្មែរ (Khmer People Power Movement) នោះក៏ជួប ប្រភេទក្រុមអ្នកគាំទ្រ ដែលជាជំពូកសត្វខ្មូតនេះដែរ ដែលបានចូលមកមួយរយៈជាមួយនឹង ចលនា អំណាចពលរដ្ឋខ្មែរ ហើយចូលចិត្តស៊ីកកេរដំបូលផ្ទះ និងមានបំណងកំទេច សរសរ កន្លោង សរសរជំរៀង និងតួរផ្ទះទាំងមូល របស់ ចលនា អំណាចពលរដ្ឋខ្មែរ ។ តែផ្ទះ ចលនា អំណាចពលរដ្ឋខ្មែរ ដែលកសាងពីឈើរខ្លឹមនេះ មិនបានអនុញ្ញាត្តិអោយពពួកសមនុស្សខ្មូត ទាំងអស់នេះ ចូលមកបំផ្លាញបានឡើយ ព្រោះ ចលនា អំណាចពលរដ្ឋខ្មែរ មានក្រុមអ្នកគាំទ្រ ជាប្រភេទសត្វកណ្តៀរយ៉ាងច្រើន ដែលជាសរសរទ្រូងដ៏រឹងមាំ ជួយការពារ ចលនា អំណាច ពលរដ្ឋខ្មែរ ។

ចលនា អំណាចពលរដ្ឋខ្មែរ ដែលមានកំណើត ២ ឆ្នាំ និងចូល ៣ ឆ្នាំ នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០១៣ ខាងមុខនេះ យើងបានរួមគ្នាជាមួយនឹងពលរដ្ឋខ្មែរ និងក្រុមអ្នកគាំទ្រ ទាំងក្នុងនិងក្រៅ ស្រុក ធ្វើសកម្មភាពយ៉ាងច្រើន ជាប្រវត្តិសាស្រ្ត សម្រាប់រំដោះប្រទេសខ្មែរផង និងទុកជាគំរូរ សម្រាប់កូនខ្មែរជំនាន់ក្រោយផង ។

ចលនា អំណាចពលរដ្ឋខ្មែរ ត្រូវការតែអ្នកគាំទ្រ ជាមនុស្សមានមនៈសិការ និងចេះជួយគ្នា ដូចជាសត្វកណ្តៀរ តែប៉ុណ្ណោះ តែ ចលនា អំណាចពលរដ្ឋខ្មែរ មិនត្រូវការជំពួកមនុស្ស ដែល ខ្វាក់ខួរក្បាល ដូចពពួកសត្វខ្មូត ដែលចេះតែស៊ីកំទេចផ្ទះខ្លួនឯងនោះទេ ! ៕

Comments

comments